២ឆ្នាំទៀត កម្ពុជា នឹងមានសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីគ្រប់គ្រាន់ទូទាំងប្រទេស

413
loading...
loading...

ភ្នំពេញ ៖ យោងតាមការព្យាកររបស់ ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ឆ្នាំ២០២០ខាងមុខនេះ កម្ពុជា នឹងមានសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនៅគ្រប់ភូមិទាំងអស់ទូទាំងប្រទេសប្រកបដោយគុណភាព និង ស្ថិរភាព ។

បើតាមរបាយការណ៍ពីក្រសួងរ៉ែ និងថាមពល បានអោយដឹងថា បច្ចុប្បន្ននេះ ការតភ្ជាប់បណ្តាញអគ្គិសនីនៅតាមភូមិ សម្រេចបានអត្រាជិត៨៧%នៃចំនួនភូមិសរុបរួចជាស្រេចទៅហើយ ស្របពេលការតភ្ជាប់នៅតាមផ្ទះ គឺ សម្រេចបានអត្រាដល់ទៅ៧៣%ហើយ ។ កំណើន នៃការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅប្រទេសកម្ពុជា បានមកពីប្រភពសំខាន់ៗដូចជា បានមកពីវារីអគ្គិសនីចំនួន៦ស្ថានីយ ដែលកំពុងដំណើរការ និងប្រភពពីរោងចក្រធ្យូងថ្មី រោងចក្រដុតប្រេងខ្មៅ ពីប្រភពថាមពលកកើតឡើងវិញ និង ប្រភពអគ្គិសនីចែកចាយតូចៗជាដើម ។

បច្ចុប្បន្ននេះ កម្ពុជាអាចផលិតថាមពលអគ្គិសនី បានបរិមាណសរុបជាង២ពាន់មេហ្គាវ៉ាត់ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានអន្តរាគមន៏លើការបញ្ចុះតម្លៃអគ្គិសនីជាបន្តបន្ទាប់ នឹងត្រៀមសម្រាប់ការបញ្ចុះតម្លៃបន្ថែមទៀតនៅឆ្នាំ២០១៩ខាងមុខនេះ ។

គួររំលឹកថា នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ វារីអគ្គីសនីសេសានក្រោម២ ដែល មានអនុភាព ៤០០ មេហ្គាវ៉ាត់ នឹងត្រូវសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការណ៍ក្រោមវត្តមាន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទំនប់វារីអគ្គីសនីដែលធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា បានបិទទ្វារទឹកកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន។

ទំនប់វារីអគ្គិសនីនេះ បណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម ៕

loading...