ក្រុមហ៊ុនចិន មកពីខេត្តជាំងស៊ូ កំពុងសិក្សាឱកាសវិនិយោគ ពង្រីកអាជីវកម្ម នៅកម្ពុជា

223
loading...
loading...

លោក គូ វ័នហ្វឹង (Gu WanFeng) អនុរដ្ឋមន្ដ្រីនៃនាយកដ្ឋានកិច្ចការជួរមុខនៃគណៈកម្មាធិការខេត្ដជាំងស៊ូ បានដឹកនាំសមាជិកសរុបចំនួន ២៨នាក់ មកពីក្រុមហ៊ុនចំនួន ២៣ ដែលមានសកម្មភាពក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ  បច្ចេកវិទ្យា និង សំណង់ ស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាពវិនិយោគ នៅកម្ពុជា។

ការស្វែងយល់ដោយផ្ទាល់នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាគ្នាជាមួយលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

នាឱកាសនោះ លោក ជា វុទ្ធី បានជម្រាបជូនដល់គណៈប្រតិភូពីកំណើនសេដ្ឋកិច្ចកម្ពុជា ជាមធ្យម ៧.៧ %ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងទៅ។ កំណើនដ៏រឹងមាំនេះ បានធ្វើឱ្យកម្ពុជាធ្វើដំណើរយ៉ាងក្លៀវក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្ដល់ទំនុកចិត្ដដល់អ្នកវិនិយោគបរទេសឱ្យបណ្តាក់ទុនលើគ្រប់វិស័យ។

ចំណែកឯ លោក គូ វ័នហ្វឹង បានសន្យាថា នឹងខិតខំធ្វើការទាក់ទាញនិងផ្សព្វផ្សាយឱ្យអ្នកវិនិយោគជាំងស៊ូ មកបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបន្តរឹតចំណងមិត្តភាពនិងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រជាជាតិទាំងពីរ។

សូមបញ្ជាក់ថា យោងតាមតួលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់ជាំងស៊ូនៅកម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ មានចំនួន ៤៦គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣៣៥លានដុល្លារអាមេរិក ក្នុងនោះរួមមាន៖ វិស័យកាត់ដេរសម្លៀកបំពាក់  ស្បែកជើង កាបូប និងឧស្សាហកម្មដទៃទៀត ៕

អត្ថបទដោយ៖ ម៉េង សុងលី Business Cambodia

loading...