សហគមន៍​វៀតណាម ស្នើសុំ​ពន្យារពេល​បម្លាស់ទី​ប្រជាជន​ពីផ្ទៃទឹក​បឹង​ទន្លេសាប

243
loading...
loading...

សហគមន៍​វៀតណាម​បាន​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ពន្យារពេល​ផ្លាស់​ទី​ពលរដ្ឋ​វៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ឲ្យ​មក​រស់នៅ​លើគោក​វិញ ដោយ​លើក​ហេតុផល​ថា ទីតាំង​ថ្មី​នោះ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ទឹក​ភ្លើង និង​មន្ទីរ​ពេទ្យ​ជាដើម។

ប្រធាន​សហគមន៍​វៀតណាម​នៅ​កម្ពុជា លោក សឹម ជី ឲ្យ​ដឹង​នៅ​ថ្ងៃទី១៤ វិច្ឆិកា​ថា ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង​គឺ​សុទ្ធសឹង​ជា​ពលរដ្ឋ​ក្រីក្រ​ពុំ​មាន​លទ្ធភាព​សង់​ជម្រក​រស់នៅ និង​ជួល​ដី​គេ​នៅ​ទីតាំង​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​នេះ​គ្រោង​ជម្លៀស​នោះ​ទេ​។

លោក​អះអាង​ថា នៅ​ទីតាំង​ថ្មី​ដែល​អាជ្ញាធរ​គ្រោង​ផ្ដល់​ឲ្យ​ពលរដ្ឋ​វៀតណាម​រស់នៅ​នោះ គ្មាន​អភិវឌ្ឍ​អ្វី​ទាំងអស់ សូម្បីតែ​មន្ទីរពេទ្យ។ លោក​ថា បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត បាន​ចាត់​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​ដេញ​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​ទឹក ឲ្យ​មក​រស់​នៅ​លើ​ទីតាំង​ថ្មី ជា​បណ្ដើរៗ​ហើយ៖ «យើងខ្ញុំ​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ជួយ​អន្តរា​គម​ដើម្បី ឲ្យ​បងប្អូន​បាន​រស់នៅ មួយរយៈ​ពេល​សិន ពេលណា​ដែល​ខាង​សាលាខេត្ត​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីតាំង​ថ្មី​ហ្នឹងហើយ​។ ទីតាំង​ថ្មី​ត្រូវ​ទិញ​ដី​គេ និង​ជួល​ដី​គេ​រស់នៅ អ៊ីចឹង​បងប្អូន​ភាគច្រើន​គ្មាន​លទ្ធភាព​ជួល​ដី​គេ និង​ទិញ​ដី​គេ​រស់​នៅ​ទេ»។

លោក សឹម ជី បន្ថែម​ថា ពលរដ្ឋ​វៀតណាម​ភាគច្រើន បាន​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​បង្កើត​កូនចៅ​ជាច្រើន​ជំនាន់ ហើយ​ពួកគេ​បាន​ចុះបញ្ជី​អន្តោប្រវេសន៍​ស្នាក់នៅ កាល​ឆ្នាំ២០១៤ ស្របតាម​ច្បាប់​របស់​កម្ពុជា​ផង។

ផ្ទះ​របស់​ជនជាតិ​វៀតណាម នៅ​លើ​បឹង​ទន្លេសាប ម្ដុំ​ស្ពាន​តាម៉ៅ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាលពីឆ្នាំ២០១៤។ រូបថត៖ RFA

ទោះយ៉ាងណា ប្រធាន​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ពត គឹមស្រួយ ទទួលស្គាល់​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង គឺជា​ចំណុច​ល្អ ដើម្បី​សង្គ្រោះ​បរិស្ថាន​ទន្លេសាប ក៏ប៉ុន្តែ​ការ​បម្លាស់ទី​នោះ លោក​ចាត់ទុកថា ពុំ​មែន​ជា​ដំ​ដោះស្រាយ​ឲ្យ​ពួកគាត់​រស់នៅ​បាន​សម​រម្យ​នោះ​ទេ​ដោយសារ​គ្មាន​ការ​អភិវឌ្ឍ​អ្វី​ទាំងអស់។

ក្នុងជំនួប​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ កាលពីថ្មីៗនេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា ការបម្លាស់ទីជនជាតិវៀតណាមនេះ គឺជាការ​អនុវត្ត​របស់​អាជ្ញាធរ ដើម្បី​កែ​លម្អ​បរិស្ថាន ​អនាម័យ និង​សណ្តាប់ធ្នាប់។ សម្តេច​ថា ការបម្លាស់ទីនេះ មិនមានការរំលោភសិទ្ធិមនុស្ស និងរឹបអូសយកអ្វីៗ​ពីជនជាតិ​វៀតណាម​នោះទេ។

របាយការណ៍​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បង្ហាញ​ថា មាន​ជនអន្តោប្រវេសន៍​វៀតណាម រស់នៅ​លើទឹក​ប្រមាណ ២៣៩៧ គ្រួសារ ក្នុង​នោះ​មាន​ផ្ទះ​បណ្ដែត​ទឹក​ជាង ១​ពាន់​ខ្នង។ លើស​ពី​នេះ កន្លែង​ដែល​ជនជាតិ​វៀតណាម​រស់នៅ​ច្រើន​ជាងគេ គឺ​នៅ​ផ្សារ​ក្រោម សង្កាត់​កំពង់ឆ្នាំង តំបន់​ឆ្នុកទ្រូ ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ហើយ​ក្រៅពីនោះ​នៅ​ស្រុក​កំពង់ត្រឡាច និង​តំបន់​ផ្សេងៗទៀត។

បើតាមលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​នាពេលកន្លងមកថា យន្តការ​បម្លាស់ទី​នេះ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ជនអន្តោប្រវេសន៍ ជាពិសេស ជាយន្តការ​ដោះស្រាយ​ផលប៉ះពាល់​បរិស្ថាន​ទន្លេ ទប់ស្កាត់​បទល្មើស​នេសាទ គ្រឿងញៀន ជាដើម៕

ប្រភព៖ Radio Free Asia

loading...