កម្ពុជា-ចិន ឯកភាព​គ្នា​៣​ចំណុច ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ

369
loading...
loading...

ក្នុង​កិច្ចប្រជុំ​មួយ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សាដ្ឋាន​នៃក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព (ក.ជ.អ.ច.) និង​សាជីវកម្ម​នុយក្លេអ៊ែរ​ជាតិចិន (CNNC) ក្នុងការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ សម្រាប់​បម្រើ​ឱ្យគោល​បំណង​សន្តិភាព ភាគី​ទាំង២ បាន​ឯកភាព​គ្នា​ចំនួន៣ ចំណុច​ដូចខាងក្រោម។

១. រៀបចំ​បញ្ចប់​សេចក្តី​ព្រាង​អនុស្សារណៈ​នៃការ​យោគយល់​ស្តីពី​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ឱ្យបាន​មុន​កិច្ចប្រជុំ​លើកទី១ របស់​គណៈ​កម្មាធិការ​តម្រង់​ទិសរួម ដែល​នឹង​ធ្វើនៅ​ប្រទេស​ចិន ពាក់​កណ្តាល​ឆ្នាំ​២០១៩។

២. ប្រតិភូ​កម្ពុជា នឹង​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅតាម​មជ្ឈមណ្ឌល​នានា​រួមមាន​មជ្ឈមណ្ឌល​អប់រំ ព័ត៌មាន សិក្សា​សាវជ្រាវ​វេជ្ជ​សាស្រ្ត​នុយក្លេអ៊ែរ បញ្ចាំង​កាំរស្មី និង​ស្ថាប័នផ្សេងៗ​ទៀត​របស់ CNNC។

៣. ការ​រៀបចំ​ផែនការ​ការងារ​ប្រចាំ​ឆ្នាំ។

កិច្ចប្រជុំរវាងភាគី ក.ជ.អ.ច. និង សាជីវកម្ម​នុយក្លេអ៊ែរ​ជាតិ​ចិន នាព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន។ រូបថត៖ ហ្វេសប៊ុកក្រសួងបរិស្ថាន រូបភាព៖ខ្លីៗ​

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ដែលមាន​ការចូលរួមពី​លោក សុខ គាង អនុ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​លោក ភាវ សុវុទ្ធី អគ្គលេខាធិការ​រង ក.ជ.អ.ច. ជាមួយ​សមភាគី​ចិន គឺលោក Wang Jinfeng អនុប្រធាន China Zhongyuan Engineering Corporation (CZEC) នៃ​សាជីវកម្ម​នុយក្លេអ៊ែរ​ជាតិ​ចិន។

កិច្ច​ប្រជុំ​នេះ បាន​ពិភាក្សា​ទៅលើ​វឌ្ឍនភាព​ការងារ​ ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ការ​រៀបចំ​ផែនការ​ការងារ និងជា​ពិសេស​ស្វែងរក​កាលា​នុវត្តភាព​សម្រាប់​អនុវត្ត​គម្រោង​ជាក់​លាក់​ជាមួយ​ក្រសួង/ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​វិស័យ​ឧស្សាហកម្ម ថាមពល សុខាភិបាល និង​អប់រំ។

សូម​រំលឹក​ថា កាលពីខែ​កញ្ញា ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ ក.ជ.អ.ច និង​រដ្ឋាភិបាល​ចិន តំណាង​ដោយ សាជីវកម្ម​នុយក្លេអ៊ែរ​ជាតិចិន បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ស្តីពី​កិច្ចសហ​ប្រតិបត្តិ​ការ​ឧស្សាហកម្ម​នុយក្លេអ៊ែរ​សម្រាប់​បម្រើ​ឱ្យ​គោល​បំណង​សន្តិភាព។

បើតាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួងបរិស្ថាន​កាលពី​ខែ​កក្កដា​កន្លងទៅ ឱ្យដឹង​ថា បច្ចេក​វិទ្យា​នុយក្លេអ៊ែរ​នេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ជា​ប្រយោជន៍​ជាតិ នៅក្នុង​វិស័យ​វេជ្ជសាស្រ្ត កសិកម្ម ឧស្សាហកម្ម និង​បរិស្ថាន​ជាដើម៕

ប្រភព​៖​ ខ្លីៗ​

loading...