រដ្ឋាភិបាល​កម្ពុជាចេញ​សេចក្តី​ថ្លែងការណ៍​ក្រោយផ្ទុះ​រឿង​បញ្ហា​ក្រុង​ព្រះសីហនុ

454
loading...
loading...

ការិយាល័យ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ ឆ្លើយតប​ទៅ​នឹង​កង្វល់ពលរដ្ឋពាក់ព័ន្ធ​នឹង​ក្រុង​ព្រះសីហនុ ពោល​គឺ​ដោយ​សារ​មួយ​រយៈ​នេះ​បងប្អូន​ពលរដ្ឋ​ខ្មែរ​គ្រប់​លំដាប់ថ្នាក់ បាន​បង្ហាញ​ក្តីព្រួយបារម្ភជា​ខ្លាំង​លើ​បញ្ហា​ផ្សេងៗ​កំពុង​កើតឡើង​នៅ​ក្រុង​ព្រះសីហនុ ពិសេស​លើ​បញ្ហា​ជនជាតិ​ចិន។

ក្នុង​នោះ​ដែរ​រដ្ឋាភិបាលបាន​បង្ហាញ​ពី​ជំហរ គោលនយោបាយ និង​វិធានការ​យ៉ាង​តឹងរឹង ដើម្បី​ការពារ​ផល​ប្រយោជន៍​ក្រុង​ព្រះសីហនុ​​ដើម្បី​ប្រជាជនកម្ពុជាទូទាំង​ប្រទេស ពោល​គឺ​នឹង​ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សម្រាប់ជា​ប្រយោជន៍​សាធារណៈ។

ជនបរទេស​ណា​ក៏​ដោយ​ដែល​ធ្វើ​ខុសនឹង​ច្បាប់ សមត្ថកិច្ច​របស់​រដ្ឋាភិបាលនឹង​ចាប់បញ្ជូន​ទៅស្រុក​ដើម​របស់ពួកគេវិញភ្លាម។​ បន្ថែម​លើ​នេះ រដ្ឋាភិបាល​បាន​សង្កត់ធ្ងន់ថា ខ្លួន​មាន​នយោបាយ​ច្បាស់លាស់ មិន​អនុញ្ញាតិ​ឲ្យ​មាន​សកម្មភាព​និង​ទិដ្ឋភាព​នៃ​ការ​រើស​អើង​ជាតិ​សាសន៍​ណាមួយ​កើត​ឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ កុំ​ថា​ឡើយ​តែ​ក្រុង​ព្រះសីហនុ។ ម្យ៉ាង​ទៀតរដ្ឋាភិបាល​នៅ​តែ​លើក​ទឹកចិត្ត​ឲ្យ​មាន​វិនិយោគិន​បរទេស​ទាំងអស់ មក​ធ្វើធុរកិច្ចនៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជា​ការ​រីកចម្រើន​ដល់ប្រទេស​ជាតិ​ទាំង​មូល ហើយ​ក៏​សង្ឃឹម​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ចូលរួមសហការ​មិន​ឲ្យ​មាន​តថភាព​ណាមួយ​កើតឡើង ធ្វើ​ឲ្យ​ប៉ះពាល់ដល់កិត្យានុភាព​និង​វិបុលភាព​នៃ​ប្រទេស​កម្ពុជា៕

អត្ថបទ៖ រតនា​ អង្គរប៉ុស្តិ៍

loading...