ជ្រោយ​ចង្វារ​នឹង​ក្លាយ​ជាតំបន់​ដ៏​ទាក់ទាញ​លំដាប់​ទី​៣​នៃ​​រាជ​ធានី​ភ្នំពេញ

296
loading...
loading...

ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់ ត្រូវ​បាន​អ្នក​អភិវឌ្ឍ​សាងសង់ បង្វែរ​ទិស​មក​តាម​តំបន់​ជាយ​ក្រុង​ភ្នំពេញ​វិញ​ម្តង ពិសេស​គឺ​តំបន់​ជ្រោយ​ចង្វារ​ភាគ​ខាង​កើត និង​ឈៀង​ខាង​ជើង​រាជ​ធានី​ភ្នំពេញ ដែល​កំពុង​មាន​កំណើន​គម្រោង​សំណង់​អគារ​ថ្មីៗ​ជា​ច្រើន បន្ទាប់​ពី​រាជ​ធានី​ភ្នំពេញ​កាន់​តែ​ចង្អៀត​ជាមួយ​នឹង​សំណង់​អគារ​ពាណិជ្ជកម្ម​និង​អគារ​លំនៅ​ដ្ឋាន។

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា លោក គឹម ហ៊ាង បាន​ឲ្យ​ដឹង​ថា តំបន់​ជ្រោយ​ចង្វារ​ភាគ​ខាង​កើត​និង​ឈៀង​ខាង​ជើង​រាជ​ធានី​ភ្នំពេញ​បាន​ក្លាយ​ជា​តំបន់​ទាក់​ទាញ​ទី​៣ ដែល​នឹង​មាន​ការ​អភិវឌ្ឍ​លឿន​ជាមួយ​នឹង​ការ​សាងសង់​បុរី​លំនៅ​ដ្ឋាន ខុនដូរ អាផាតមិន និង​សណ្ឋាគារ។

មិន​ខុស​ពី​លោក គីម ហ៊ាង ប៉ុន្មាន​នោះ​ទេ លោក​ឧកញ៉ាចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ី ភី អិល បាន​លើក​ឡើង​ដែរ​ថា ជ្រោយ​ចង្វារ​បច្ចុប្បន្ន​មាន​ការ​រីក​ចម្រើន​ប្លែក​ជាមួយ​នឹង​ការ​កើន​ឡើង​នូវ​សំណង់​អគារ​លំនៅដ្ឋាន លក្ខណៈ​បុរី សាលារៀន មន្ទីរ​ពេទ្យ អគារ​ធ្វើ​ពាណិជ្ជកម្ម អគារ​​អាផាតមិន និង​អគារ​ខុន​ដូ​ថ្មីៗ កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នក​វិនិយោគិន​ជាតិ​និង​អន្តរជាតិ។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ​ ក៏​​មាន​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ដ៏​ធំ​ដែល​មាន​ឈ្មោះ​ថា The Bay វិនិយោគ​ដោយ​ក្រុមហ៊ុន TEHO Development ដែល​​កំពុង​ប្រតិបត្តិការ​សាងសង់​និង​​លក់​ខុនដូ​ប្រមាណ​ជាង ១​ពាន់ យូនីត ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥០០​លាន​ដុល្លារ​អាមេរិក និង​លើស​ពី​នេះ​ទៀត ក៏​មាន​គម្រោង​អភិវឌ្ឍន៍​បុរី​ប្រមាណ​ជា ១០​គម្រោង​ស្ថិត​នៅ​តំបន់​មួយ​នេះ​ដែរ។

អត្ថបទ​ដោយ​ Cambonomist

loading...